c.t.c. logo
ដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការនៃសហភាពទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិកនៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍

ដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការនៃសហភាពទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិកនៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,

ខេត្តតាកែវ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) នៃវិទ្យាល័យ សុខអាន ត្រាំខ្នារ ឯកឧត្តម ម៉ៅ សិលា អនុរដ្ឋលេខាធិការ ក.ប.ទ. និងជាប្រធានក្រុមការងារអនុវត្តគម្រោង ម.ប.ស. បានជូនដំណើរលោក Masanori Kondo អគ្គលេខាធិការនៃសហភាពទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក (Asia Pacific Telecommunity - APT) ធ្វើទស្សនកិច្ចជាក់ស្តែងនូវវឌ្ឍនភាពនិងសកម្មភាពនៅក្នុង ម.ប.ស. ដែលកំពុងប្រតិបត្តិការនៅវិទ្យាល័យ សុខអាន ត្រាំខ្នារ។

ឯកឧត្តមប្រធានក្រុមការងារ បានជម្រាបជូន លោកអគ្គលេខាធិការ អំពីគោលបំណងនៃការអនុវត្តគម្រោង ម.ប.ស. មុខងារសំខាន់ៗ វឌ្ឍនភាពការងារដែលបានសម្រេចកន្លងមក និងទិសដៅទៅពេលអនាគតរបស់ ក.ប.ទ. លើការអនុវត្តគម្រោង ម.ប.ស. នេះ ជាពិសេស គឺបេសកកម្មជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅគ្រឹះស្ថានអប់រំសាធារណៈ និងការជំរុញការចាប់យកឌីជីថលនៅសហគមន៍មូលដ្ឋាន ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមគាំទ្រពីរដ្ឋបាលមូលដ្ឋាននៅហ្នឹងកន្លែង។ លោកអគ្គលេខាធិការ បានសម្តែងនូវការចាប់អារម្មណ៍ចំពោះគំនិតផ្តួចផ្តើមរបស់ ក.ប.ទ. ក្នុងការដាក់ឱ្យអនុវត្តគម្រោង ម.ប.ស. ហើយបានគាំទ្រនិងលើកទឹកចិត្តឱ្យបន្តការអនុវត្តគម្រោងនេះ ឱ្យបានគ្រប់វិទ្យាល័យទូទាំងព្រះរាជាណាចក្រកម្ពុជា ស្របតាមគោលគំនិតដើមរបស់ ក.ប.ទ.។

សូមបញ្ជាក់ថាបច្ចុប្បន្ន គម្រោង ម.ប.ស. (Community Tech Center - CTC) មានទីតាំងចំនួន ២១ នៅទូទាំងប្រទេស ដែលផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងជំនាញបច្ចេកវិទ្យាឌីជីថល និងផ្តល់សេវាប្រៃសណីយ៍ដល់ប្រជាពលរដ្ឋក្នុងសហគមន៍។

photo 1 photo 2 photo 3 photo 4 photo 5 photo 6