វិទ្យាល័យចំនួន ៣ នៅខេត្តតាកែវ ទទួលបានការបណ្ដុះបណ្ដាលវគ្គឌីជីថលពិសេសមកពីក្រុមការងារ Sisters of Code
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,
ខេត្តតាកែវ៖ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២៖០០ ដល់ ៤៖៣០នាទីរសៀល ក្រុមការងារ Sisters of Code ចំនួន ៣រូប បានចុះធ្វើការបណ្ដុះបណ្ដាលលើការធ្វើបទបង្ហាញគម្រោងចុងក្រោយ (Final Project) នៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ចំនួន ៣ទីតាំង រួមមាន វិទ្យាល័យ សុខអាន ត្រាំខ្នារ វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន បាទី និង វិទ្យាល័យ ហ៊ុន សែន ១ មិថុនា ដែលមានសិស្សានុសិស្សចូលរួមសរុបចំនួន ៣៥រូប។
កម្មវិធីបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡេីងក្នុងគោលដៅផ្តល់ការគាំទ្រអាទិភាពដល់សិស្សស្រី ដើម្បីពង្រឹងសមភាពយេនឌ័រតាមរយៈការកសាងសមត្ថភាពបច្ចេកវិទ្យាលឌីជីថល និងជាការរួមចំណែកជំរុញអក្ខរកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា។
សូមជម្រាបជូនថា ម.ប.ស. គឺជាចក្ខុវិស័យវែងឆ្ងាយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លើការអភិវឌ្ឍវិស័យឌីជីថល ដើម្បីបម្រើដល់ការអប់រំទំនើប និងអភិវឌ្ឍមូលធនមនុស្សឌីជីថលនៅតាមមូលដ្ឋាន ទាំងក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយដែលរឹងមាំ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ម.ប.ស. គឺ www.ctc.edu.kh ដើម្បីតាមដានការវិវឌ្ឍន៍ថ្មីៗ។

