c.t.c. logo

អំពីមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការធ្វើបរិវត្តកម្មឌីជីថលសេដ្ឋកិច្ច និងសង្គមទាំងមូល តាមរយៈការដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១”។ ជាក់ស្តែង រាជរដ្ឋាភិបាល បានកំណត់យកអាទិភាពគន្លឹះ ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ជាគ្រឹះនិងមធ្យោបាយដ៏សំខាន់ដើម្បី សម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ការបន្ថែម “បច្ចេកវិទ្យា” ជាពិសេស “បច្ចេកវិទ្យាឌីជីថល” ជាអាទិភាពគន្លឹះ ថ្មីនេះហើយ ដែលសបញ្ជាក់ថារាជរដ្ឋាភិបាលចាត់ទុកបច្ចេកវិទ្យាឌីជីថលជាកាតាលីករថ្មីដ៏មានសារៈសំខាន់ មាន សក្តានុភាពនិងកាលានុវត្តភាព ក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាប្រសិទ្ធភាពរដ្ឋបាលនិង ជាមាគ៌ានយោបាយរួមសម្រាប់តម្រង់ទិសនិងជំរុញការអនុវត្ត “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល កម្ពុជា ២០២១-២០៣៥” ដែលជាមគ្គុទេសក៍តម្រង់ទិសសម្រាប់ការអភិវឌ្ឍ និងដំណើរការនៃបរិវត្តកម្មឌីជីថលនៅកម្ពុជា និង “គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥” សំដៅធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ពេញលេញ។

c.t.c. post office view

ក្នុងកិច្ចខិតខំជំរុញការកសាងមូលធនមនុស្សឌីជីថល ដើម្បីអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ជាពិសេស គឺការចូលរួមអនុវត្តក្របខណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់យកបច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាឌីជីថលជាអាទិភាពគន្លឹះទី៥ និងគោលនយោបាយ សេដ្ឋកិច្ច សង្គម និងរដ្ឋាភិបាលឌីជីថលកម្ពុជា ឱ្យមាន ប្រសិទ្ធភាព ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានបង្កើតគម្រោងការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យា សហគមន៍នៅតាមវិទ្យាល័យសាធារណៈ ដើម្បីបំពេញបេសកកម្មលើគំនិតផ្តួចផ្តើមបរិវត្តកម្មឌីជីថលបម្រើដល់ការអប់រំ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្សឌីជីថល និងអនាគតឌីជីថលកម្ពុជា។ គម្រោងនេះ គឺជាការឆ្លុះបញ្ចាំង ពីចក្ខុវិស័យវែងឆ្ងាយរបស់ ក.ប.ទ. ដោយផ្តោតលើផែនការអភិវឌ្ឍមូលធនមនុស្សលើមុខជំនាញបច្ចេកវិទ្យាឌីជីថល ក្នុងកម្រិតមធ្យមសិក្សា ហើយ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ដែលសរសេរជាភាសាអង់គ្លេស Community Tech Center (CTC) នឹងក្លាយជាមជ្ឈមណ្ឌលផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងជំនាញបច្ចេកវិទ្យា ឌីជីថល និងផ្តល់សេវាប្រៃសណីយ៍ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ជាពិសេសដល់សិស្សានុសិស្ស និងសាធារណជន រស់នៅក្នុងមូលដ្ឋាន ក្នុងគោលបំណងជំរុញការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថលនៅក្នុងសហគមន៍ប្រកបដោយបរិយាបន្ន និងនវានុវត្តន៍។

c.t.c. opening ceremony

មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ សរសេរកាត់ថា “ម.ប.ស.” ត្រូវបានផ្តួចផ្តើមកសាងឡើងដោយក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ដោយមានកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា (ក.អ.យ.ក.) ដើម្បីផ្តល់ការបណ្តុះបណ្តាលជំនាញឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថលនៅក្នុងសហគមន៍ ប្រកបដោយបរិយាបន្ន និងនវានុវត្តន៍។ ម.ប.ស. មានមុខងារចម្បងចំនួន ៤ គឺ (១) បន្ទប់កុំព្យូទ័រ (Computer Lab) សម្រាប់បង្រៀនជំនាញបច្ចេកវិទ្យាឌីជីថលដោយផ្ទាល់ និងពីចម្ងាយ និងជាសាលប្រជុំ (២) បន្ទប់បណ្តុះបណ្តាល (Training Room) សម្រាប់បណ្តុះបណ្តាលជំនាញជួសជុលបរិក្ខារបច្ចេកវិទ្យា និងវគ្គខ្លីលើជំនាញបច្ចេកវិទ្យាឌីជីថល ដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ (៣) ប៉ុស្តិ៍ប្រៃសណីយ៍ (Post Office) សម្រាប់ផ្តល់សេវាទទួល និងផ្ញើកញ្ចប់អីវ៉ាន់ក្នុង និងក្រៅប្រទេស ព្រមទាំងផ្តល់សេវាផ្សេងៗដល់ពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋនៅ សហគមន៍ និង (៤) សាលសាធារណៈ (Public Hall) សម្រាប់ប្រជាពលរដ្ឋនៅសហគមន៍អាចចូលប្រើប្រាស់កុំព្យូទ័រ និងអ៊ុនធឺណិត ដើម្បីស្វែងរកព័ត៌មានពាក់ព័ន្ធនឹងកសិកម្ម អាជីវកម្ម និងសេវាសាធារណៈអនឡាញជាដើម។

ស្របពេលនឹងការចាប់ផ្តើមដាក់ឱ្យដំណើរការ ម.ប.ស. ជាផ្លូវការ និងដំបូងគេបង្អស់ ដែលចាប់ផ្តើមពីវិទ្យាល័យ សាធារណៈក្នុងខេត្តតាកែវ ក.ប.ទ. គ្រោងនឹងពង្រីកវិសាលភាពប្រតិបត្តិការ ម.ប.ស. នៅវិទ្យាល័យសាធារណៈក្នុងខេត្ត ដទៃទៀតនៃព្រះរាជាណាចក្រកម្ពុជា។

c.t.c. post office left view

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យាឌីជីថលនៅកម្ពុជាមានការរីកចម្រើនឆាប់រហ័សគួរឱ្យកត់ សម្គាល់។ ទោះជាយ៉ាងនេះក្តី ការត្រៀមខ្លួនរបស់កម្ពុជាក្នុងការចាប់យកវិស័យឌីជីថលនៅមានបញ្ហាច្រើន ដែល ទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីតួអង្គពាក់ព័ន្ធ ជាពិសេសត្រូវមានធនធានមនុស្សប្រកបដោយចំណេះដឹង មូលដ្ឋាន និងជំនាញឌីជីថលគ្រប់គ្រាន់។ ម.ប.ស. មានតួនាទីសំខាន់ក្នុងការប្រែក្លាយប្រជាពលរដ្ឋកម្ពុជា ឱ្យទៅជា ពលរដ្ឋឌីជីថលតាមរយៈការជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថលមកប្រើប្រាស់ សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ប្រកប ដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ក្នុងស្មារតីនេះការរៀបចំសៀវភៅគោលការណ៍ប្រតិបត្តិសម្រាប់ ម.ប.ស. គឺជាកិច្ចការដ៏មានសារៈសំខាន់ មិនអាចខ្វះបាន ដើម្បីធានាថាមុខងារ ម.ប.ស. អាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពក្នុងការ បណ្តុះបណ្តាល និងតម្រូវការថ្មីៗរបស់សិស្ស និងប្រជាពលរដ្ឋនៅសហគមន៍។